ទំនាស់ពាក្យសម្ដីរវាងម្ចាស់ទីតាំង បុរសជាជនជាតិកូរ៉េម្នាក់ ដែលជាអ្នកជួល រហូតដល់ប្ដឹងសុំឲ្យនគរបាលប៉ុស្តិ៍ចោមចៅ ជួយអន្តរាគមន៍!

ភ្នំពេញ៖ នាវេលាម៉ោង១២៖៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ទំនាស់ពាក្យសម្ដីគ្នាមួយកើតឡើងរវាងម្ចាស់ទីតាំងក្លឹប «ហ្វាន់ក្លឹប» ដែលជាជនជាតិខ្មែរ និងបុរសជាជនជាតិកូរ៉េម្នាក់ ដែលមានប្រពន្ធជនជាតិខ្មែរ បានជួលទីតាំងបើកក្លឹប រហូតមានការអន្តរាគមន៍ពីកម្លាំងនគរបាលថែមទៀតផង នៅក្នុងក្លឹបឌីស្កូយីហោ «ហ្វាន់ក្លឹប» ស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

ទំនាស់ខាងលើនេះ បណ្ដាលមកពីបុរសជនជាតិកូរ៉េ មិនគោរពនូវកិច្ចសន្យា និងកុងត្រា ដោយនៅក្នុងកុងត្រា មានរយៈពេលជួល២ឆ្នាំ។ ប៉ុន្តែក្រោយពីជួល ទើបតែដំណើរការ បានរយៈពេល៨ខែប៉ុណ្ណោះ ស្រាប់តែបុរសជនជាតិកូរ៉េ ឡុងចុងខាតជាង៧ម៉ឺនដុល្លារ ក៏បង្ខំចិត្តឈប់ជួលតទៅទៀត និងរើសម្ភារចេញទើបម្ចាស់ទីតាំង រារាំងក្លាយជាទំនាស់តែម្ដង។ ម្ចាស់ទីតាំងឈ្មោះ សា រ៉ាត់ ចំណែកបុរសអ្នកជួលឈ្មោះ ស៊ីន ឆុងហ្វាន់ អាយុ៦៥ឆ្នាំ ជាជនជាតិកូរ៉េ មានប្រពន្ធឈ្មោះ ទេប ចាន់ណារិន អាយុ៣៣ឆ្នាំ ជាជនជាតិខ្មែរ។

បើយោងតាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ បុរសជនជាតិកូរ៉េ និងប្រពន្ធជនជាតិខ្មែរ បានជួលទីតាំងខាងលើ បើកក្លឹបឌីស្កូ ដោយដាក់យីហោ «ហ្វាន់ក្លឹប» នៅក្នុងការជួលនេះ ក្នុង១ខែ ៣,០០០ដុល្លារ ហើយក៏បានធ្វើកិច្ចសន្យាជាមួយគ្នាត្រឹមត្រូវ ដោយជួលរយៈពេល២ឆ្នាំ។ ខណៈនោះ ម្ចាស់ទីតាំង បានតម្រូវឲ្យកក់លុយមុន១ខែ គឺ៣,០០០ដុល្លារ ហើយក្រោយពេលត្រូវរ៉ូវគ្នាហើយ បុរសជនជាតិកូរ៉េ បានបើកដំណើរការក្លឹបនោះ ជារៀងរាល់ខែ។

រហូតមកទល់ និងពេលនេះ ទើបបានរយៈពេល៨ខែប៉ុណ្ណោះ ក្លឹបត្រូវបានបិទទ្វារឈប់ដំណើរការ ហើយថៅកែកូរ៉េនេះ បានរើឥវ៉ាន់បម្រុងចាកចេញ ក៏ត្រូវម្ចាស់ទីតាំងរារាំងមិនឲ្យរើ ព្រមទាំងឃាត់មិនឲ្យបុរសជនជាតិកូរ៉េនោះ យកសម្ភារចេញពីទីតាំង និងទាមទារ ឲ្យបើកប្រាក់ឈ្នួលទីតាំង ក្នុងខែចុងក្រោយសិន ដោយអះអាងថា ជនជាតិកូរ៉េ មិនគោរពកុងត្រា ហើយមិនទាន់បើកលុយឈ្នួល ក្នុងខែមករា ជូនគាត់នៅឡើយ ។ ពេលនោះ ក៏បង្កឲ្យមានទំនាស់គ្នាកើតឡើង រហូតម្ចាស់ទីតាំងប្ដឹងសុំឲ្យនគរបាលប៉ុស្តិ៍ចោមចៅ ជួយអន្តរាគមន៍ និងរកដំណោះស្រាយ។

តាមរយៈការបកស្រាយរបស់បុរសជនជាតិកូរ៉េ បានឱ្យដឹងថា គាត់មិនចង់ធ្វើបែបនេះទេ ប៉ុន្តែគាត់បានរកស៊ី រហូតអស់ចំនួនជាង៧ម៉ឺនដុល្លារហើយ ដូច្នេះគ្មានលទ្ធភាព ដើម្បីបន្តការរកស៊ីទៀតបានឡើយ។ ពេលនេះ គាត់សុំចប់ត្រឹមនឹង និងសុំយកសម្ភាររបស់គាត់ចេញពីទីតាំង ដោយឡែកប្រាប់ឈ្នួល គាត់បានកក់មុន១ខែដែរ ហើយហេតុនេះ សូមឲ្យរួចគ្នាទៅចុះ។

ក្រោយសម្របសម្រួលគ្នារួចមក រហូតដល់វេលាម៉ោង០១៖១០នាទីរសៀល ថ្ងៃដដែល ទើបភាគីទាំង២ បានឯកភាពបញ្ចប់រឿង ដោយខាងបុរសជនជាតិកូរ៉េ យល់ព្រមចេញបង់ថ្លៃទឹកថ្លៃភ្លើង និងបើកប្រាក់ឈ្នួលចំនួន៣០០ដុល្លារនៅក្នុងខែមករា ឆ្នាំ២០១៩ នេះ ទៅឲ្យម្ចាស់ទីតាំង៕