ស្ត្រីម្នាក់ដែលរងភាពអយុត្តិធម៌ទាំងផ្លូវកាយ ទាំងផ្លូវចិត្តពីមន្ទីរពេទ្យ«វ៉ិចតូរៀ» ពេលនេះត្រូវបានក្រសួងសុខាភិបាល យកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ…

ភ្នំពេញ៖ ស្ត្រីជាអ្នកជំងឺម្នាក់ ដែលរងការកៀបសង្កត់ទាំងផ្លូវចិត្ត ទាំងផ្លូវកាយដោយសារមន្ទ្រីពេទ្យ«វ៉ិចតូរៀ» កាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨នោះ ​ត្រូវបានក្រសួងសុខាភិបាល យកមកឱ្យសម្រាកព្យាបាលនៅមន្ទីររដ្ឋក្នុងរាជធានីភ្នំពេញ គឺ«មន្ទីរពេទ្យសម្ភពរាជាធានីភ្នំពេញ»។

ស្ត្រីរងគ្រោះខាងលើមានឈ្មោះ ភឿន មុយហៀង អាយុ១៩ឆ្នាំ ជាជនក្រីក្រស្នាក់នៅក្នុងផ្ទះជួលដ៏រខេករខាក ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

គូររម្លឹ្កថា ក្រោយពីទទួលបានដំណឹងពី អាជ្ញាធរខណ្ឌទួលគោក មន្ត្រីជំនាញរបស់ក្រសួងសុខាភិបាល និងព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានបើកស៊ើបអង្កេត និងស្រាវជ្រាវ នៅក្នុងមន្ទីរពេទ្យ វ៉ិចតូរៀ តាមបទបញ្ជារបស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្ទាប់បពី បែកធ្លាយព័ត៌មាន ថាមន្ទីរពេទ្យនេះ បង្ខាំងអតិថិជន ជម្រិតទារប្រាក់ថ្លៃសេវា ដែលអ្នកជំងឺ គ្រួសារយល់ថា ជាតម្លៃដែលមិនអាចទទួលយកបាន រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេច បិទទ្វាមន្ទីរពេទ្យ វ៉ិចតូរៀ ជាផ្លូវការហើយ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះតែម្ដង។

សូម​ជម្រាប​ជូន​ថា មន្ទីរពេទ្យ វ៉ិ​ច​តូ​រៀ មាន​ទីតាំង​នៅផ្ទះ​លេខ​៦១​អា ផ្លូវ​៥៩២ សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ត្រូវ​គ្រួសារ​អ្នកជំងឺ ប្តឹងសមត្ថកិច្ច និងប្រាប់អ្នកសារព័ត៌មាន​ កាលពី​យប់​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០១៩​ម្សិលមិញ បន្ទាប់​ពី​គណៈ​គ្រប់គ្រង​មន្ទីរពេទ្យ​នេះ បង្ខាំង​អ្នកជំងឺ ទារប្រាក់​សេវា ២០០០​ដុល្លារ ដែល​គ្រួសារ​អ្នកជំងឺ​យល់​ថា ជា​តម្លៃ​ដែល​មិន​អាច​ទទួលយក​បាន​ ៕